បញ្ជីឈ្មោះ​បេក្ខ​សម្រាប់​ពាន​រង្វាន់​ Globe Soccer Awards ត្រូវ​បាន​ប្រកាស​ហើយ តែគ្មាន Messi ទេ

បញ្ជីឈ្មោះ​បេក្ខ​ជន​សម្រាប់​ពាន​រង្វាន់​ 2019 Globe Soccer Awards ត្រូវ​បាន​ប្រកាស​ហើយ ដែល​ក្នុង​នោះ​មិន​មាន​ឈ្មោះ​របស់តារា​បាល់​ទាត់​ក្លឹប​ Barcelona គឺ​កីឡាករ Lionel Messi នោះ​ទេ

បេក្ខជន​កំពូល​ ៣រូប​ដែល​មាន​ឈ្មោះ​ដណ្ដើម​យក​ពាន​រង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​មាន​កីឡាករ Cristiano Ronaldo, Kylian Mbappe និង Antonie Griezmann
ឆ្នាំ​នេះ​ជា​ឆ្នាំ​មួយ​ដែល​ពោរពេញ​ដោយ​ជ័យជម្នះ​សម្រាប់ Mbappe ដែល​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​ឈ្នះ​ពាន​វើល​ខាប់ ហើយ​ក៏​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​ក្លឹប Paris Saint-Germain ផងដែរ។ គេ​ក៏​ជា​បេក្ខជន​ដែល​អាច​នឹង​ឈ្នះ​ពាន​រង្វាន់ Ballon d’Or នៅ​ខែ​ធ្នូ​ផងដែរ។
Griezmann ក៏​មាន​តួ​នាទី​សំខាន់​នៅ​ក្នុង​ជ័យ​ជម្នះ​វើល​ខាប់​របស់​ក្រុម​ជម្រើសជាតិ​បារាំង​ផងដែរ ដោយ​រក​បាន​​គ្រាប់​បាល់​ ៤គ្រាប់​នៅទឹកដី​រុស្ស៊ី។ គេ​ក៏​បាន​ជួយ​ឲ្យ​ក្លឹប Atletico Madrid លើក​ពាន​យូរ៉ូ​ប៉ា​លីគ​​​ផងដែរ។
រីឯ​ Ronaldo វិញ​ គេ​នៅតែ​អាច​រក្សា​បាន​នូវ​ទម្រង់​លេង​ល្អ​របស់​ខ្លួន ដោយ​បាន​ជួយ​ឲ្យ​ក្លឹប​ Real Madrid ឈ្នះ​ពាន​ឆេម​ពានស៍​លីគ​បង្គ្រប់​ ៣រដូវកាល​ជាប់គ្នា មុន​នឹង​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប Juventus កាល​ពី​រដូវ​ក្ដៅ​​ហើយ​នៅតែ​បន្ត​បំបែក​កំណត់​ត្រា​ជា​ច្រើន​នៅ​ទីនោះ។
គេ​ទើប​តែ​បាន​ខក​ខាន​ឱកាស​ប្រជែង​យក​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់ FIFA ដោយ​ឈរ​នៅ​លំដាប់​ទី២ បន្ទាប់ពី​អតីតមិត្តរួម​ក្រុម Luka Modric។
ផ្ទុយទៅ​វិញ Messi បាន​ខកខាន​ឱកាស​មួយនេះ ទោះជា​គេ​លេង​បាន​ល្អ​នៅក្លឹប Barcelona ក្ដី។
បេក្ខជនសម្រាប់​ពាន​រង្វាន់​ផ្សេងៗទៀត ដូចជា​គ្រូ​បង្វឹក​ឆ្នើម និង​ក្រុម​ឆ្នើម​ប្រចាំ​ឆ្នាំ​ក៏​ត្រូវ​បាន​គេ​ប្រកាស​ផងដែរ។
បេក្ខជន​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំឆ្នាំ៖ Zinedine Zidane, Didier Deschamps, Diego Simeone, Jurgen Klopp, Maximiliano Allegri
ក្រុម​ឆ្នើម​ប្រចាំ​ឆ្នាំ៖ Real Madrid, Atletico Madrid, Liverpool



Post a Comment

0 Comments