លោក ALLEGRI និយាយថា BARCELONA អាចនឹងគ្រងតំណែង UCL


   មាន​ក្លឹប​ចំនួន​៣ ដែល​កំពុង​ឈាន​ទៅ​មុខ​បាន​ល្អក្នុង​ការ​ប្រកួត​ឆេមពានស៍​លីគ ប៉ុន្តែលោក Massimiliano Allegri បាន​និយាយថា​ក្លឹប Barcelona អាច​នឹង​ទទួល​បាន​តំណែ​ង​ជើង​ឯក​មួយ​នេះ។


បន្ទាប់ពី​ឆ្លង​កាត់​ ៣ប្រកួត​នៅ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​រួច​មក​ ក្លឹប Barcelona ក្លឹប Juventus និងក្លឹប Borussia Dortmund ជា​ក្លឹប​ដែល​ទទួល​បាន​លទ្ធផលល្អបំផុត។
ក្លឹប Juventus អាច​នឹង​ឈាន​ទៅ​វគ្គ​បន្ទាប់ ក្រោយ​ពេល​ទទួល​ភ្ញៀវ Manchester United ក្នុង​ពូល H នៅថ្ងៃពុធ​ ហើយ Juventus ក៏បាន​យក​ឈ្នះ​លើក្រុម Valencia និង Young Boys មុន​ទទួល​បាន​លទ្ធផល​ឈ្នះ 1-0 នៅទឹកដី Old Trafford ផងដែរ។
ប៉ុន្តែ​ទោះ​បីជាការទិញ​កីឡាករ Cristiano Ronaldo អាច​ជួយ​បង្កើន​ឱកាស​ទទួល​បាន​តំណែង​ជើង​ឯក​ឆេម​ពានស៍​លីគ​ជាលើក​ដំបូង​ បើ​គិត​ចាប់​ពី​ឆ្នាំ១៩៩៦ ក៏​ដោយ​ ក៏លោក Allegri មាន​អារម្មណ៍​ថា ក្លឹប​ Barcelona ជា​ក្លឹប​ដែល​ឈានមុខ​គេ​ក្នុ​ងការ​ប្រជែង​មួយ​នេះ។
លោក Allegri បាន​ប្រាប់​អ្នក​សារព័ត៌មានមុន​ការ​ប្រកួត​ជាមួយ​ភ្ញៀវ Cagliari នៅ​ថ្ងៃ​ស្អែក​ថា៖ “ក្រុម​ដែល​អាច​នឹង​ក្លាយ​ជា​ជើង​ឯក​ឆេម​ពានស៍​លីគ​ឆ្នាំ​នេះ​គឺ Barcelona ប៉ុន្តែ​ពួក​យើង​នៅ​ក្នុង​ចំណោម​ក្រុម​៤ ដែល​ឈាន​មុខ​គេ”។
“នៅ​ថ្ងៃស្អែក​នេះ យើង​ត្រូវការ​ជ័យ​ជម្នះ ហើយ​ចង់ឈ្នះ​គឺ​មិន​ងាយ​ស្រួល​នោះ​ទេ ដូច​ដែល​យើង​បាន​ឃើញ​ការ​ប្រកួត​ជាមួយ​ក្លឹប Empoli ស្រាប់​ហើយ។ គូ​ប្រកួត​របស់យើង​មាន​វត្ថុ​បំណង​របស់គេ ហើយ​គេ​នឹង​ប្រឹង​ប្រែង​អស់លទ្ធភាព​ដើម្បី​ប្រកួត​ជាមួយ​យើង។ យើង​មិន​អាច​បាត់​បង់​ពិន្ទុ​នោះ​ទេ”។
“យើង​ត្រូវ​គិត​ដល់​លីគ Serie A ច្រើន​ជាង ព្រោះ​នៅ​ក្នុង​ឆេម​ពានស៍​លីគ​ ការ​ផ្ដោត​អារម្មណ៍​កើត​ឡើង​ដោយ​ស្វ័យ​ប្រវត្តិរួច​ជា​ស្រេច​ទៅ​ហើយ មាន​ចំនួន​ប្រកួត​តិច​ជាង​ Serie A ប៉ុន្តែ​សុទ្ធ​តែ​ជា​ការ​ប្រកួត​ដែល​ពិបាក​ទាំង​អស់។ ហេតុ​នេះ​ហើយ​ យើង​តែង​តែ​ត្រូវ​បង្ហាញ​ការ​គោរព និង​ផ្ដោត​អារម្មណ៍​ឲ្យ​បាន​ល្អ​ជានិច្ច”។
“Cagliari ជា​គូ​ប្រកួត​មួយ​ដ៏ពិបាក។ ពួក​គេ​ជា​ក្រុម​ដែល​មុតស្រួច​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់។ ពួក​គេ​រហ័ស​រហួន ហើយកីឡាករ Leonardo Pavoletti ពូកែ​ខាង​លេង​បាល់សិតភីស (set-pieces)។ បើ​យើង​ឲ្យ​គេ​ស៊ុត​ចូលសរុប​លើស​ពី ៣០គ្រាប់ យើង​មិន​អាច​ទទួល​បាន​តំណែង​ជើង​ឯក​នោះទេ ហេតុនេះ​នៅ​ក្នុ​ងការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក យើង​មិន​អាច​ឲ្យ​គេ​ស៊ុត​ចូល​បានទេ”។
កីឡាករ Mario Mandzukic និង Sami Khedira អាច​ចូល​លេង​បាន​នៅ​ថ្ងៃ​ស្អែក ប៉ុន្តែកីឡាករ​ខ្សែ​ការពារ​សំខាន់ Giorgio Chiellini និង​កីឡាករ​ស្លាប Federico Bernardeschi នឹង​ត្រូវ​អវត្ត​មាន។


លោក Allegri បាន​និយាយថា៖ “នៅ​ផ្នែក​ខ្សែ​បម្រើ ទាំង Miralem Pjanic និង Blaise Matuidi នឹង​ចូល​លេង។ សម្រាប់​ជម្រើស​ទី៣ ខ្ញុំ​នឹង​ជ្រើស​រើសរវាង Rodrigo Bentancur, Juan Cuadrado និង Sami Khedira។ នៅ​ផ្នែក​ការពារមាន Joao Cancelo និង Leonardo Bonucci ហើយ​ខ្ញុំ​នឹង​ជ្រើស​រើស​រវាង Mattia De Sciglio និង Alex Sandro នៅ​ផ្នែក​ខាង​ឆ្វេង។
“នៅ​ផ្នែក​ប្រយុទ្ធ​ខាង​មុខ យើង​មាន Cristiano ហើយ​ខ្ញុំ​ត្រូវ​ជ្រើស​រើស​កីឡាករ​ដែល​ត្រូវ​លេង​ជា​មួយ​គេ រវាង Paulo Dybala, Mario Mandzukic និង Douglas Costa។ អ្នក​ចាំទីគឺ Wojciech Szczesny ទោះ​ជា Mattia Perin ធ្វើ​បាន​ល្អ​ក៏​ដោយ ៕





BY: Dig88sport

Post a Comment

0 Comments